សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ មានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារនៅផ្ទះសម្តេច។
សម្តេចតេជោ បានបន្តថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។
សម្តេច ប្រធានព្រឹទ្ធសភា បានបន្ថែមថា បន្ទប់មួយ សម្តេចដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការនារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានគូសរំលេចថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើសម្តេច និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវះ៕ ដោយ៖ កន ចំណាន