ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ថា វិស័យឯកជន គឺជាតួអង្គស្នូលដ៏សំខាន់បំផុត ពីព្រោះការរីកចម្រើនរបស់វិស័យឯកជន គឺជាការរីកចម្រើនរបស់សង្គមជាតិទាំងមូល។
មានប្រសាសន៍ក្នុងពិធីពិសារអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្ម អាណត្តិទី៥ ទូទាំងប្រទេស នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងទី១៤ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងខិតខំបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជនអាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរ និងអំណោយផល តាមរយ៖ ១.ការសម្រួលនីតិវិធីនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និង វិនិយោគ, ២.ការទាញយកប្រយោជន៍ឱ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម និង៣.ការបន្តពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ៕